រំលងទៅកាន់មាតិកាមេ

Blog entry by Admin User

វគ្គបណ្ដុះបណ្ដាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាក (ភ្នំពេញ)

26/11/2024

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល សហការជាមួយនឹងគម្រោងពង្រឹងប្រព័ន្ធបណ្ដុះបណ្ដាលក្នុងពេលបម្រើការងារនៅប្រទេសកម្ពុជារបស់ JICA  បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលក្នុងពេលបម្រើការងារ សម្រាប់ប្រធាន និងអនុប្រធានថែទាំមកពីមន្ទីរពេទ្យជាតិចំនួន ១២ ដែលពិធីនេះធ្វើនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ក្រសួងសុខាភិបាល។ កម្មវិធីបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយផ្តោតលើសិក្ខាកាមដែលមានតួនាទីជាអ្នកគ្រប់គ្រងផ្នែកថែទាំ ដើម្បីធានាបាននូវគុណភាពនៃភាពជាអ្នកដឹកនាំក្នុងវិស័យថែទាំ និងពង្រឹងចំណេះដឹង ជំនាញឱ្យកាន់តែស៊ីជម្រៅ ក្នុងការបំពេញតួនាទីជាអ្នកដឹកនាំគិលានុបដ្ឋាកឱ្យមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះមាន៨ម៉ូឌុល និងសិក្សារៀងរាល់សប្តាហ៍ ដោយក្នុងមួយសប្តាហ៍បណ្ដុះបណ្ដាលមួយមុខវិជ្ជា គឺរៀងរាល់ថ្ងៃព្រហស្បត្តិ និងថ្ងៃសុក្រ។ ចាប់ផ្តើមជាមួយនឹងម៉ូឌុលស្តីពី «ការគ្រប់គ្រងផ្នែកថែទាំ និងភាពជាអ្នកដឹកនាំ» ហើយម៉ូឌុលបន្តបន្ទាប់គឺ «ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ» «សីលធម៌ នៃការថែទាំ» និង «ការប្រាស្រ័យទាក់ទង» ត្រូវបានបញ្ចប់នៅក្នុងខែកញ្ញា។ ក្រុមការងារក៏បានបញ្ចប់វគ្គសិក្សាដែលនៅសល់ដូចជា «ព័ត៌មានវិទ្យា នៃការថែទាំ» «ការស្រាវជ្រាវផ្នែកថែទាំ»«ជំនាញមូលដ្ឋាន នៃការថែទាំ» និង «ការប្រើប្រាស់ដំណើរការ នៃការថែទាំជំងឺ» នៅត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ផងដែរ។ ក្នុងអំឡុងពេលបណ្តុះបណ្តាល គ្រូបង្គោលបានផ្តល់នូវការធ្វើតេស្តមុន និងតេស្តក្រោយវគ្គធ្វើការវាយតម្លៃវគ្គសិក្សា និងផ្តល់ការបង្រៀនបន្ថែមលើលំហាត់ជាក់ស្តែងមួយចំនួន។ វគ្គបណ្តុះបណ្តាលបានដំណើរការទៅតាមការគ្រោងទុក ហើយទោះបីជាអ្នកចូលរួមដំបូងមានចំណេះដឹងពីមុនមានកម្រិតក៏ដោយ ការយល់ដឹងរបស់ពួកគេបានកើនឡើងយ៉ាងខ្លាំងនៅចុងបញ្ចប់នៃវគ្គសិក្សា។ ដោយផ្អែកលើការវាយតម្លៃវគ្គសិក្សាដែលបានធ្វើឡើងរហូតមកដល់ពេលនេះ វគ្គបណ្តុះបណ្តាលបានបង្កើនចំណេះដឹង និងជំនាញរបស់សិក្ខាកាមប្រកបដោយប្រសិទ្ធភាព ហើយសិក្ខាកាមបានបង្ហាញពីការពេញចិត្តក្នុងកម្រិតខ្ពស់។